ចាប់តាំងពីខ្ចីជើងទៅទឹកដីជប៉ុនកាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧កន្លងមក តារាឆ្នើមជម្រើសជាតិកម្ពុជាមិនបានបង្ហាញខ្លួនផ្លូវការឲ្យក្លឹប Fujieda MYFC ឡើយ។ ពេលខ្លះរូបគេជាប់ឈ្មោះក្នុងបញ្ជីបម្រុង ប៉ុន្តែពេលខ្លះក៏គ្មានឈ្មោះបម្រុងផង។
ថ្វីបើរូបគេមិនបានលេងឲ្យក្លឹបនៅជប៉ុន ប៉ុន្តែកីឡាកររូបនេះហាក់មានសមត្ថភាព បច្ចេកទេស និងកម្លាំងខ្លាំងជាងពេលដែលរូបគេនៅកម្ពុជា។ រាល់ពេលដែលរូបគេមកជួយក្រុមជម្រើសជាតិកម្ពុជាម្តងៗ ស្ទើរគ្រប់ការប្រកួតរូបគេបានជាប់ជម្រើស១១នាក់ដំបូង និងលេងពេញម៉ោងថែមទៀតផងដែលខុសពីរូបគេនៅកម្ពុជាដែលភាគច្រើនលើកវគ្គទី១ ឬប្តូរចូលវគ្គទី២។
យ៉ាងណា ទីបំផុត សមាជិកជម្រើសជាតិកម្ពុជារូបនេះបានបង្ហាញខ្លួនផ្លូវការឲ្យក្លឹបFujieda MYFC កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ ចាន់ វឌ្ឍនាកាត្រូវបានប្តូរចូលឲ្យលេងត្រឹមនាទី៨៦ និងបន្ថែមម៉ោង៣នាទីទៀត ដូច្នេះរូបគេបង្ហាញខ្លួនលើទីលានបាន៨នាទី។ រយៈពេល៨នាទីនេះ អ្នកគាំទ្របាល់ទាត់កម្ពុជា ក៏ដូចជាអ្នកជាប់ពាក់ព័ន្ធនឹងកីឡាបាល់ទាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយដូរចូលភ្លាម វឌ្ឍនាកាទទួលបានរ៉ាប់រងទាត់បាល់ចេញពីជ្រុង និងគ្រប់គ្រងបាល់នៅពីមុនតំបន់គ្រោះថ្នាក់បានយ៉ាងល្អ ព្រមទាំងចែកបាល់ឲ្យទៅតំបន់ខាងឆ្វែង។ រយៈពេលនៃការគ្រប់គ្រងបាល់នេះ ដៃគូប្រកួតដណ្តើមបាល់ពីរូបគេមិនបានឡើយ។
អ្នកគាំទ្រកម្ពុជាភាគច្រើនបានបញ្ចេញមតិលើបណ្តាញសង្គម Facebook ថា វឌ្ឍនាកា ធ្វើបានល្អ ថ្វីបើរយៈពេលខ្លីក៏ដោយ។ អាចនិយាយបានថា កីឡាករកម្ពុជារូបនេះក្រឡុកខ្លាំងនៅតំបន់គ្រោះថ្នាក់ ឬអាចរកគ្រាប់បាល់បាន ប្រសិនបើរូបគេមានពេលច្រើន។ ខ្លះថែមទាំងលើកឡើងទៀតថា ចាន់ វឌ្ឍនាកា អាចល្អជាងខ្សែប្រយុទ្ធរបស់ Fujieda MYFC ទៀតផងដោយសារខ្សែប្រយុទ្ធទាំងនោះហាក់មិនសូវពូកែក្រឡុកឡើយ។
ជុំវិញករណីនេះដែរ លោក បែ មករា អ្នកចាត់ការរបស់បឹងកេតដែលជាអ្នកយល់ចិត្ត ចាន់ វឌ្ឍនាកាខ្លាំងបានលើកឡើងថា ៖«បានប្តូរចូលលេងរយៈពេលខ្លីមែន ប៉ុន្តែបានបង្ហាញទម្រង់លេងដ៏ល្អ ពួកយើងមានមោទនភាពដែលប្អូនជាខ្មែរទីមួយដែលបានបង្ហាញខ្លួននៅលីគជប៉ុន សោកស្តាយប្រសិនបើបានលេងច្រើនជាងនេះប្រហែលល្អជាងនេះ។ សង្ឃឹមថា លោកគ្រូបង្វឹកមើលឃើញន និងជ្រើសរើសគាត់សម្រាប់ការប្រកួតក្រោយៗទៀត»។
Post a Comment