អ្នកចាំទីរបស់វិសាខានេះឈ្មោះ ជា វណ្ណសាក់ជាអ្នកចាំទីរបស់ក្លឹបព្រះខ័នរាជស្វាយរៀងដែលក្រុមវិសាខាបានខ្ចីជើងមកលេងក្នុងលីគលំដាប់ទី២។ ក្រោយឈ្នះស្រោបដៃមាស និងជួយឲ្យវិសាខាលើកពានកាលពីពេលថ្មីៗនេះ វណ្ណសាក់បានឲ្យដឹងថា រូបគេពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបង្ហាញសមត្ថភាពលើទីលាន បន្ទាប់ពីក្រុមវិសាខាបានខ្ចីរូបគេពីព្រះខ័នរាជស្វាយរៀង។ ពេលស្ថិតនៅព្រះខ័នរាជស្វាយរៀង រូបគេកម្របានឱកាសបង្ហាញសមត្ថភាពណាស់ ដោយសាររូបគេស្ថិតជម្រើសទី៤ ខណៈក្លឹបមួយនេះមានអ្នកចាំទីល្អៗច្រើន។
ជា វណ្ណសាក់បន្ថែមថា ក្រោយពេលចប់ព្រឹត្តិការណ៍លីគទី២ រូបគេត្រូវវិលត្រឡប់ទៅព្រះខ័នរាជស្វាយរៀងវិញហើយ។ ទោះជាយ៉ាងណា ប្រសិនបើវិសាខាត្រូវការរូបគេបន្ត ហើយព្រះខ័នរាជស្វាយរៀងផ្តល់ឱកាសឲ្យទៀតនោះ រូបគេពេញចិត្តលេងឲ្យវិសាខាទៀត ពីបានបង្ហាញសមត្ថភាព និងបង្កើតគុណភាពកាន់តែខ្លាំង។
បច្ចុប្បន្ននេះ ជា វណ្ណសាក់ ជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំដែលត្រូវលេងវគ្គជម្រុះពានរង្វាន់ AFC U-19 Championships ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ ដែលកម្ពុជាស្ថិតនៅពូល G ជាមួយក្រុម U-19 ចិន, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន៕
Post a Comment