កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌កើតទុក្ខមិនសុខចិត្ត និងការយកកន្លែងអ្នកតាកោះក្រញ៉ាន ដែលប្រជាពលរដ្ឋខ្មែរតែងតែគោរពបូជាដាក់ជំនួសដោយ ព្រះនាងគង់ ស៊ីអ៊ីម ធ្វើអោយមានការបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
លោក សាំង ស៊ន មេឃុំឆ្នុកទ្រូបានអោយដឹងថា នៅព្រឹកថ្ងៃទី១៦ ខែតុលា នេះសមត្ថកិច្ចចម្រុះស្រុក បានចុះមកលើករូបសំណាក់ព្រះនាម គង់ ស៊ីអ៊ីម នោះចេញតាមបញ្ជាឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ។ ការលើករូបសំណាក់ព្រះ នាម គង់ ស៊ីអ៊ីម គឺលើកយកមករក្សាទុកនោះក្នុងប៉ុស្តិ៍នគរបាល ឃុំឆ្នុកទ្រូជាបណ្តោះអាសន្នសិន ព្រោះតែអ្នកយករូបសំណាក់មកដាក់នៅទីនោះ គឺជាប្រធានសមាគមវៀតណាមនៅតំបន់ឆ្នុកទ្រូដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបើជាសះស្បើយ និងប្រគល់រូបសំណាក់អោយវិញយកទៅតំកល់ទុកកន្លែងសមាគមវៀតណាមវិញ ។
ចំណែកលោក ថាន់ សារុំ អភិបាលរងស្រុកបរិបួរណ៌ក៏បានអោយដឹងដែរថា នៅព្រឹកនោះក៏មានការចូលរួមពីអនុប្រធានសមាគមវៀតណាមដែរដោយគាត់និយាយថា កាលធ្វើខ្ទមអ្នកតាគឺបានសុំច្បាប់ហើយ តែលោកបានបញ្ជាក់ថា សុំជួសជុលខ្ទមអ្នកតាកោះក្រញ៉ាន ដល់ធ្វើរួចបែរជាយករូបព្រះផ្សេងមកដាក់ទៅវិញ ។
លោក សុខ ធួក បញ្ជាក់ថា រូបសំណាក់ដែលគេយកទៅដាក់នោះ គឺមិនមែនជារូបព្រះនាម គង់ ស៊ីអ៊ីម នោះទេ ជារូបសំណាក់យាយចាស់ម្នាក់ដែលសាសនា ចិន វៀតណាម តែងតែគោរពបូជាតែមិនមែនរូបសំណាក់អ្នកតាខ្មែរឡើយ ។
សូមបញ្ជាក់ថា នៅលើទីកោះនេះក៏មានខ្ទមអ្នកតាកោះក្រញ៉ាន ដែលល្បីពូកែស័ក្តិសិទ្ធិសម្រាប់ពលរដ្ឋក្នុងស្រុកកំពង់លែង និងអ្នកភូមិផាត់សណ្តាយ ខេត្តកំពង់ធំគោរពបូជា និងបន់ស្រន់សុំសេចក្តីសុខ ប៉ុន្តែក្រោយមកមានមនុស្សមួយក្រុម បានស្នើសុំជួសជុលខ្ទមអ្នកតាកោះក្រញ៉ានហើយ ពេលធ្វើរួចរាល់បែរជាបន្លំយករូបព្រះនាម គង់ ស៊ីអ៊ីម មកដាក់ជំនួសទៅវិញ ៕
Post a Comment