Drogba បានថ្លែងប្រាប់សារព័ត៌មាន RMC Sport ថា៖ "ខ្ញុំគិតថា ឆ្នាំក្រោយជារដូវកាលចុងក្រោយហើយសម្រាប់ខ្ញុំក្នុងនាមជាកីឡាករ"។ ខ្សែប្រយុទ្ធរូបនេះបានបន្តទៀតថា៖ "ខ្ញុំត្រូវការពេលវេលាសម្រាប់គម្រោងផ្សេងៗទៀតក្នុងជីវិតរបស់ខ្ញុំ។ វាពិតជាល្អណាស់ ដែលនៅលេងបាល់បាន ប៉ុន្តែអាយុ ៣៩ ទៅហើយ ខ្ញុំត្រូវថយមកគិតគម្រោងផ្សេងទៀត"។
បច្ចុប្បន្ន Drogba កំពុងតែលេងឲ្យក្លឹប Phoenix Rising ក្នុងលីគ United Soccer របស់សហរដ្ឋអាមេរិក។ លើសពីនេះ ខ្សែប្រយុទ្ធរូបនេះ ជាកីឡាករដំបូងបំផុតដែលលេងក្នុងភាពកីឡាករផង និងធ្វើជាម្ចាស់ផងក្នុងក្លឹបបាល់ទាត់អាមេរិក ដោយកីឡាកររូបនេះបានទិញភាគហ៊ុនមួយចំនួនក្នុងក្លឹប Phoenix Rising ដែលជាក្លឹបខ្លួនកំពុងលេងឲ្យនៅពេលបច្ចុប្បន្ន។ លីគ United Soccer នឹងចាប់ផ្ដើមនៅខែមីនា និងបញ្ចប់នៅខែវិច្ឆិកាឆ្នាំក្រោយ។ នេះមានន័យថា បើសិនជាគ្មានការប្រែប្រួលទេ Drogba នឹងចូលនិវត្តន៍នៅចុងឆ្នាំក្រោយ។
Drogba បានចំណាយពេលជាង ៩រដូវកាលលេងឲ្យ Chelsea ដោយខ្សែប្រយុទ្ធឆ្នើមរូបនេះបានស៊ុត ចូលរហូត ១៥៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣៤១លើកឲ្យក្លឹបយក្សអង់គ្លេសមួយនេះ មុននឹងចាកចេញពីក្លឹបកាលពីឆ្នាំ ២០១៥៕
Post a Comment