នៅក្នុងសម័យអង្គរ ព្រះរាជាទាំងឡាយមិនត្រឹមតែជាមេដឹកនាំប្រកបដោយទេពកោសល្យក្នុងការសាងសមិទ្ធផលសំណង់ដ៏អស្ចារ្យនៅលើពិភពលោកទេ តែជាក្សត្រដ៏អង់អាចក្លាហានក្នុងកិច្ចការពារ និងពង្រីកទឹកដីថែមទៀតផង។ សូមលើកឡើងនិយាយពីព្រះរាជាសម័យអង្គរបីព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៣ ព្រះបាទឥន្ទ្រវរ្ម័នទី១ និងព្រះបាទយសោវរ្ម័នទី១។
ទី១ ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤-៨៧៧)
បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី២ សោយទិវង្គតទៅនៅឆ្នាំ៨៥០ ឬឆ្នាំ៨៥៤ មក ព្រះរាជបុត្រ ព្រះអង្គព្រះនាមជ័យវរ្ម័នទី៣ ទ្រង់បានឡើងគ្រងរាជ្យស្នងពីព្រះបិតា។ ព្រះបាទជ័យវរ្ម័នទី៣ ដែលមាននិស្ស័យពីកំណើត គឺសព្វព្រះទ័យតែនឹងសាងអំពើល្អ ទ្រង់សោយរាជ្យដោយសុខសន្តិភាពក្នុងរយៈពេលយ៉ាងយូរ ហើយធ្វើឱ្យប្រទេសកាន់តែប្រសើរឡើង និងរុងរឿងជាលំដាប់ ដែលជាមរតកបន្តពីបិតាព្រះអង្គបានបន្សល់ទុកឱ្យ។ សូមជម្រាបថា ព្រះអង្គទ្រង់មានចំណង់ និងចំណូលព្រះទ័យខាងប្រមាញ់ដំរីណាស់។ មិនតែប៉ុណ្ណោះ ទ្រង់ក៏បានសាងប្រាសាទមួយចំនួននៅតំបន់អង្គរទៀតផង។ ព្រះបាទជ័យវរ្ម័នទី៣ ទ្រង់គង់នៅរាជធានីហរិហរាល័យ (រលួស) រហូតដល់គ្រិស្ដសករាជ ៨៧៧ ហើយទ្រង់ចូលទិវង្គតទៅដោយគ្មានបន្សល់បុត្រស្នងរាជ្យបន្តឡើយ។ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅ ទ្រង់មានព្រះមរណនាមថា វិស្ណុលោក។
ទី២. ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩)
ក្រោយពីព្រះបាទជ័យវរ្ម័នទី៣ ទ្រង់សោយទិវង្គត ដោយគ្មានបុត្រស្នងរាជ្យផងនោះ ប្អូនជីដូនមួយរបស់ព្រះអង្គមានព្រះនាមឥន្ទ្រវរ្ម័នទី១ ក៏ត្រូវទទួលរាជ្យសម្បត្តិបន្តពីព្រះអង្គនៅឆ្នាំ៨៧៧ នៃគ្រិស្ដសករាជ។ គួររម្លឹកថា ព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រអង់អាចក្លៀវក្លា មានស្នាព្រះហស្តយ៉ាងច្រើនក្នុងកិច្ចការការពារ និងកសាងប្រទេសជាតិ។
ពោលក្រោយពេលដែលព្រះអង្គទ្រង់បានឡើងគ្រងរាជ្យក្នុងឆ្នាំ៨៧៧ ទ្រង់បានចាត់ឱ្យគេជីកបារាយណ៍ គឺអាងទឹកមួយយ៉ាងធំស្ថិតនៅខាងជើងរាជធានី ដែលមានបណ្តោយប្រវែង៣គីឡូម៉ែត្រ និងទទឹង៨០០ម៉ែត្រ ឈ្មោះថា ឥន្ទ្រតាដាក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំចំពោះវិស័យកសិកម្ម។ លុះនៅឆ្នាំ៨៧៩ ព្រះអង្គបានកសាងប្រាសាទព្រះគោ ជាប្រាសាទដែលមានប្រាង្គឥដ្ឋចំនួនប្រាំមួយ តម្រៀបគ្នាជាពីរជួរមុខក្រោយ ស្ថិតនៅលើខឿនតែមួយ ដើម្បីឧទ្ទិសចំពោះបុព្វការីជនរបស់ព្រះអង្គ គឺមាតាបិតា ជីដូនជីតា ខាងព្រះមាតា និងព្រះបាទជ័យវរ្ម័នទី២ ព្រមទាំងព្រះអគ្គមហេសីរបស់ព្រះអង្គផងដែរ។
លុះនៅឆ្នាំ៨៨១ ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់បានកសាងប្រាសាទបាគង នៅចំកណ្ដាលរាជធានីហរិហរាល័យ ដែលជាប្រាសាទភ្នំសាងអំពីថ្មភក់ដំបូង មានខឿនបីជាន់សម្រាប់តម្កល់លិង្គទេវរាជដែលមានឈ្មោះថា ឥន្ទ្រេស្វរៈ ហើយទ្រង់បានកសាងប្រាសាទមួយនៅលើភ្នំបាយ៉ង់ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។ ក្រៅពីសំណង់ទាំងឡាយនេះ ទ្រង់មានស្នាព្រះហស្តសំខាន់ទៀត គឺការរៀបចំលំដាប់ថ្នាក់ក្នុងព្រះរាជវង្ស និងព្រះរាជបរិពារជាន់ខ្ពស់ ដែលស្ថិតក្នុងប្រព័ន្ធអ្នកដឹកនាំជាតិ ដែលគេឃើញព្រះរាជាខាងក្រោយៗ ព្រះអង្គទ្រង់បានអនុវត្តបន្តគ្នាអស់ពេលច្រើនសតវត្សរ៍។
សូមជម្រាបថា ក្នុងរជ្ជកាលរបស់ព្រះអង្គ ទឹកដីប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ ហើយទំនងជាមានសុខសន្តិភាពបរិបូណ៌ទៀតផង។ ចំពោះនយោបាយក្រៅប្រទេសវិញ ព្រះអង្គបានរឹតចំណងការទូតជាមួយប្រទេសចិន ប្រទេសចំប៉ា និងកោះជ្វា។ ព្រះបាទឥន្ទ្រវរ្ម័នទី១ ទ្រង់សោយទិវង្គតនៅឆ្នាំ៨៨៩ នៃគ្រិស្ដសករាជ ដោយទទួលព្រះមរណនាមថា ព្រះឥស្វរៈលោក។
ទី៣. ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) និងការកសាងក្រុងអង្គរលើកទី១
លុះព្រះបាទឥន្ទ្រវរ្ម័នទី១ ចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទយសោវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រដែលទ្រង់ជាប់ខ្សែលោហិតនឹងព្រះរាជាមុនៗទាំងអស់ ដែលបានសោយរាជ្យបន្តគ្នាជាច្រើនសតវត្សរ៍នៅប្រទេសកម្ពុជា។ ព្រះអង្គទ្រង់ជាព្រះរាជាមួយព្រះអង្គ ដែលសិក្សាបានជ្រៅជ្រះបំផុតពីគ្រូបាធ្យាយរបស់ព្រះអង្គ គឺព្រះគ្រូព្រាហ្មណ៍វមៈសិវៈ ដែលជាសាវៈរបស់គ្រូសិវៈសោម ហើយព្រះអង្គក៏ជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែ ដែលមានស្នាព្រះហស្តអស្ចារ្យក្នុងកិច្ចការពារ និងកសាងប្រទេសជាតិ។
ក្រោយពីទ្រង់បានឡើងគ្រងរាជ្យសម្បត្តិភ្លាម ព្រះបាទយសោវរ្ម័នទី១ ទ្រង់បានកសាងអាស្រមដែលមានឈ្មោះថា យសោធរាស្រមចំនួន១០០ និងសិលាចារឹកជាច្រើននៅក្នុងផ្ទៃប្រទេស ហើយទ្រង់បានកសាងប្រាសាទលលៃ នៅកណ្ដាលបារាយណ៍ឥន្ទ្រតាដាក ដែលជាស្នាព្រះហស្តរបស់ព្រះបិតាព្រះអង្គផង។ ប្រាសាទលលៃនេះ ជាប្រាសាទសាងអំពីឥដ្ឋ មានប្រាង្គ៤ តម្រៀបជាពីរជួរមុខក្រោយ សម្រាប់ឧទ្ទិសចំពោះព្រះមាតាព្រះបិតា និងជីដូនជីតាខាងព្រះមាតាព្រះអង្គ។ ប្រហែលជាមកពីរាជធានីហរិហរាល័យ មានសំណង់ផ្សេងៗ និងប្រាសាទច្រើន ហើយស្ថិតនៅក្បែរមាត់បឹងទន្លេសាបពេក ដែលនាំឱ្យមានការពិបាកក្នុងការកសាងសំណង់ផ្សេងៗទៀត ទើបព្រះបាទយសោវរ្ម័នទី២ សម្រេចប្ដូររាជធានីពីហរិហរាល័យ រលួស មកសាងរាជធានីថ្មីនៅភាគខាងលិចវិញ។
សូមបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ នេះហើយ ដែលទ្រង់សាងទីក្រុងអង្គរទី១ មានឈ្មោះថា “យសោធបុរៈ” ដែលមានភ្នំបាខែង នៅចំកណ្ដាល ហើយសាងប្រាសាទបាខែងនៅលើភ្នំនេះសម្រាប់តម្កល់ទេវលិង្គស្រីយសោធរេស្វរៈ នៅឆ្នាំ៨៩៣។ ចំណែកនៅលើភ្នំក្រោម និងភ្នំបូក ដែលស្ថិតអមសងខាងភ្នំកណ្ដាលនេះ ទ្រង់បានសាងប្រាសាទមានប្រាង្គបី សម្រាប់ឧទ្ទិសចំពោះត្រីមូរតិ គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ ដើម្បីធានាទឹកប្រើប្រាស់ និងមុខរបរកសិកម្មជាចម្បង។ ក្រៅពីនេះ ទ្រង់បានជីកបារាយណ៍ ខាងកើត ទៅខាងទិសឦសាន នៃរាជធានីថ្មីនេះ ដែលមានបណ្តោយប្រវែង៧ គីឡូម៉ែត្រ និងទទឹង១.៨០០ម៉ែត្រ ហៅថា យសោធរៈតដាក។ក្នុងរាជ្យព្រះអង្គ សាសនាទាំងអស់មានការរីកចម្រើន និងសុខសាន្តនឹងគ្នាណាស់។
នៅលើច្រាំងខាងត្បូងនៃបារាយណ៍នេះ ព្រះអង្គទ្រង់ឱ្យកសាងអាស្រមជាច្រើនសម្រាប់គណៈសាសនាផ្សេងៗ មានព្រាហ្មណាស្រម សម្រាប់អ្នកកាន់សាសនាគណៈព្រះឥសូរ វៃស្នវាស្រម ជាច្រើនសម្រាប់អ្នកកាន់សាសនាព្រះវិស្ណុ និងសៅគតាស្រម សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ។ព្រះបាទយសោវរ្ម័នទី១ ទ្រង់ជាស្ដេចសឹកដ៏អង់អាចក្លាហាន ដែលសិលាចារឹកបានបញ្ជាក់អំពីការលើកទ័ពទៅច្បាំងជាមួយនគរចំប៉ា និងទទួលបានជោគជ័យចំបាំងជើងទឹកមួយ ទៅលើពួកចោរសមុទ្រ ដែលប្រើសំពៅមានក្តោងពណ៌ស ដែលអាចជាសំពៅរបស់ពួកចាម ឬជាសំពៅរបស់ពួកឥណ្ឌូនេស៊ី ថែមទៀតផង។
រម្លឹកថា ក្នុងរជ្ជកាលរបស់ព្រះអង្គដដែលនេះ ព្រះរាជាណាចក្រកម្ពុជា មានទំហំធំទូលាយណាស់ គឺខាងជើងទល់នឹងខេត្តយូណាន់ ប្រទេសចិន ខាងលិចទល់នឹងប្រទេសភូមា ខាងកើតទល់នឹងប្រទេសចំប៉ា ខាងត្បូងទល់នឹងសមុទ្រ។ ព្រះបាទយសោវរ្ម័នទី១ ទ្រង់គ្រងរាជ្យពីឆ្នាំ៨៨៩ ហើយទ្រង់សោយទិវង្គតក្នុងឆ្នាំ៩០០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមសិវលោក ។ ហើយនគរខ្មែរដែលស្គាល់នូវមហានគរដ៏ធំរហូតដល់ចុងសតវត្សទី ១៣ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ៕
Post a Comment