ពេលខ្លះមនុស្សយើងទាំងអស់គ្នាត្រូវចំណាយពេលជាច្រើនម៉ោងប្រែចុះប្រែឡើង ទំរាំតែគេងលក់ ហើយពេលខ្លះក្រោកពីគេងហើយនៅមានអារម្មណ៏ហត់នឿយទៀត។ វាពិតប្រាកដណាស់ដែលមនុស្សគ្រប់រូបត្រូវការចំណាយពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យខួរក្បាលដំណើរការបានល្អ ដើម្បីមានកម្លាំងធ្វើការងារផ្សេងៗ។
១. ស្វែងរកពេលវេលាដែលគួរសមមួយ ពេលដែលខួរក្បាលចង់សម្រាក
ជាទូទៅមនុស្សយើងត្រូវការគេងឱ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាលដំណើរការបានល្អ។ ការធ្វើតេស្តដ៏សាមញ្ញមួយដើម្បីកំណត់ថាតើអ្នកគេងបានគ្រប់គ្រាន់ឬអត់នោះ គឺថាប្រសិនបើអ្នកអាចភ្ញាក់ដោយគ្មាននាឡិការោទ៍ មិនមានបញ្ហាក្នុងការអូសខ្លួនចេញពីគ្រែនៅពេលព្រឹក មិនមានអារម្មណ៍ថាអ្នកគ្មានអារម្មណ៏ ចង់សន្លប់ និងអារម្មណ៏ដែលត្រូវការប្រើប្រាស់ជាតិកាហ្វេអ៊ីន មិនមានអារម្មណ៏ងងុយគេងខ្លាំងនៅពេលថ្ងៃមានន័យថា រាងកាយរបស់អ្នកទទួលបានការគេងគ្រប់គ្រាន់ហើយ។ ប៉ុន្តែបើផ្ទុយពីនេះ អ្នកគួរតែរកពេលវេលាមួយសមរម្យ ធ្វើការសម្រាកខួរក្បាលដោយគេងសងវិញ គេងយប់មិនគ្រប់ គឺគេងថ្ងៃបន្ថែម។
២. ត្រូវមានទំលាប់មុនពេលចូលគេង
មុនពេលគេងរាល់យប់អ្នកគួរតែមានទំលាប់សម្រាប់ខ្លួនឯងមួយ ដូចជាទំលាប់នៃការអានសៀវភៅ បិទម៉ាសមុខថែសម្រស់ ដុសធ្មេញមុនគេង បន្ថយពន្លឺក្នុងបន្ទប់ ការសរសេររៀបរាប់ពីជីវិតប្រចាំថ្ងៃ ស្តាប់បទចំរៀង ឬការសម្រាកដោយការត្រាំទឹកអាង ដែលទំលាប់ទាំងនេះ អាចជួយឱ្យអ្នកគេងបានលក់ស្រួល ជួយឱ្យខួរក្បាលរបស់យើង សម្រាកពីភាពស្មុគស្មាញ ការនឿយហត់ផ្សេងៗ។ ជៀសវាងសំលឹងគ្រឿងអេឡិចត្រូនិច មុនពេលគេងដូចជាទូរស័ព្ទដៃ ដែលវាអាចប៉ះពាល់ដល់ខួរក្បាលយើង និងការគិតរបស់យើង។
៣. បើគេងមិនទាន់លក់ក្នុងរយៈពេល ១០ នាទី អ្នកគួរតែក្រោកសិន
ជាធម្មតាទៅហើយដែលអ្នកខ្លះចំណាយពេលផ្តេកខ្លួនរាប់ម៉ោងលើគ្រែទំរាំតែគេងលក់ ដោយសារតែពេលខ្លះគិតច្រើនពេក ដូច្នេះបើដឹងថាយើងមិនងាយងងុយគេងនៅពេលនេះទេ អ្នកគួរតែរកវិធីអ្វីមួយសិន ដើម្បីឱ្យខ្លួនឯងងងុយគេងហើយឆាប់គេងលក់វិញ។ ដូចជាក្រោកមកធ្វើសមាធិ អង្គុយសញ្ជឹងមួយសន្ទុះ រំងាប់អារម្មណ៏ដោយកុំឱ្យខួរក្បាលមានការគិតច្រើន សម្អាតរឿងស្មុគស្មាញចេញពីខួរក្បាលសិន ចាំចូលគេងវិញ។ វាជួយឱ្យយើងមិនមានអារម្មណ៏តប់ប្រមល់នឹងការគេងមិនលក់ ហើយធ្វើឱ្យគេងឆាប់លក់ ខួរក្បាលសម្រាកបានលឿន។
ចុងក្រោយ គឺទាក់ទងនឹងរបបអាហារដែលយើងញ៉ាំ។ ដូច្នេះអ្នកគួរតែញ៉ាំអាហារសុខភាពឱ្យបានច្រើន អាហារដែលមានថាមពលជំនួយដល់ខួរក្បាលជារឿយៗ អាហារដែលមានវីតាមីន មានជីវជាតិគ្រប់គ្រាន់ ជៀសវាងការញ៉ាំអាហារផ្តេសផ្តាស ឬអាហារច្រើនមុខក្នុងពេលតែមួយ ញ៉ាំអាហារសុខភាព យើងមានសុខភាពល្អ ខួរក្បាលសុខភាពល្អ ដំណើរការបានស្រួល។ មិនថាការងារយើងរវល់យ៉ាងណា យើងព្យាយាមធ្វើការងារ ៣០ម៉ោង ក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ មានន័យថា បរិមាណដែលអ្នកត្រូវសម្រាកក៏ច្រើនតាមនឹងដែរ បើសុខភាពមិនដើរទេ ការងារយើងក៏មិនរលូនដែរ ដូច្នេះ ការពារសុខភាពទាំងអស់គ្នា សម្រាកឱ្យបានគ្រប់គ្រាន់៕
Post a Comment