លោក Nicola Gatta ដែលជាចៅហ្វាយក្រុង Candela បានប្រាប់បណ្ដាញសារព័ត៌មានថា លោកចង់ឲ្យប្រជាជនកើនឡើងដល់ ៨ពាន់នាក់ដូចកាលទសវត្សឆ្នាំ១៩៩០ ឡើងវិញ បន្ទាប់ពីប្រជាជនថយចុះខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ។ បច្ចុប្បន្ន មានប្រជាជនរស់នៅក្នុងក្រុងតូចមួយនេះ ប្រហែល ២៧០០នាក់ប៉ុណ្ណោះ។
ការធ្លាក់ចុះចំនួនប្រជាជននៅតំបន់នេះ បានក្លាយជាកង្វល់របស់ប្រទេសអ៊ីតាលីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រជាជនជាច្រើន ចាប់ផ្ដើមធ្វើចំណាកស្រុក បន្ទាប់ពីមានសង្គ្រាមកើតឡើង។ ដោយសារតែឱកាសការងារ និងសេដ្ឋកិច្ចនៅក្រុងនេះ ជួបបញ្ហា ប្រជាជននាំគ្នាចាកចេញដោយមិនត្រលប់ទៅកាន់ទីកន្លែងកំណើតវិញ។ ការឧបត្ថម្ភដល់ប្រជាជន ដើម្បីជំរុញឲ្យទៅរស់នៅក្រុង Candela មិនមែនជារឿងថ្មីឡើយ។ កាលពីខែឧសភាកន្លងទៅ ក៏ចៅហ្វាយក្រុងនេះ បានបង្ហោះតាម Facebook ផ្ដល់ប្រាក់ឲ្យអ្នកទៅតាំងទីលំនៅក្នុងក្រុង Candela ដែរ ប៉ុន្តែដកចេញវិញ ព្រោះតែអ្នកនៅក្នុងក្រុងនាំគ្នាទៅទាមទារយ៉ាងច្រើន។បច្ចុប្បន្ន ចំណាត់ការនេះ បានចេញជាថ្មីដោយមានលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌដើម្បីទទួលប្រាក់ឧបត្ថម្ភពីចៅហ្វាយក្រុងនោះគឺ ត្រូវប្ដេជ្ញាចិត្តរស់នៅក្រុង Candela ជាអចិន្ត្រៃយ៍, ជួលផ្ទះក្នុងក្រុងនេះ ហើយអាចរកចំណូលបានលើសពី ៧៥០០យូរ៉ូក្នុងមួយឆ្នាំ។ សម្រាប់ប្ដីប្រពន្ធ នឹងទទួលបានប្រាក់ ២ពាន់យូរ៉ូ ឯអ្នកដែលទៅរស់នៅម្នាក់ឯងនឹងទទួលបាន ៨០០យូរ៉ូ៕
Post a Comment