ជាធម្មតា ក្នុងបាល់ទាត់អាជីព ជាពិសេសនៅទ្វីបអឺរ៉ុប កម្រណាស់ដែលមានកីឡាករអាចរួចផុតពីការទទួលបានកាតក្រហម ដោយសារតែការប្រកួតប្រជែង ការពារសំណាញ់ទីរៀងខ្លួន។ ទោះបែបនេះក្ដី មានកីឡាករល្បីឈ្មោះ ៥រូប ដែលមិនធ្លាប់ទទួលបានកាតក្រហមពេញមួយអាជីពរបស់ខ្លួន។
១. Gary Lineker៖ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនដែលទទួលបានកាតក្រហម ឬកាតលឿងសូម្បីតែមួយ ពេញមួយអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។ Lineker ស៊ុតបាន ២៨១គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបផ្លូវការរបស់ខ្លួនចំនួន ៥៦៧ប្រកួត។
២.Raul Gonzalez៖ វីរបុរសក្លឹប Real Madrid រូបនេះ មិនដែលទទួលបានកាតក្រហមមួយទេ ពេញមួយអាជីពរបស់ខ្លួនដែលមានរយៈពេល ១៧ឆ្នាំ ដោយក្នុងនោះលេងឲ្យក្លឹបបានចំនួន ៩៣២ប្រកួត ខណៈលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន ១០២លើក។
៣.Philipp Lahm៖ ដូចកីឡាករ ២រូបខាងលើដែរ ខ្សែការពារស្លាប Philipp Lahm បានចូលនិវត្តន៍ពីពិភពបាល់ទាត់ដោយមិនដែលទទួលបានកាតក្រហមសូម្បីតែម្ដង បើទោះជាវីរបុរសក្លឹប Bayern Munich រូបនេះ លេងរហូតដល់ទៅជាង ៧០០ប្រកួត ឲ្យក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួនក៏ដោយ។
៤.Andres Iniesta៖ បើទោះជាមិនទាន់ចូលនិវត្តន៍ដូចកីឡាករទាំង ៣រូបខាងលើ ខ្សែបម្រើ Iniesta រហូតមកទល់ពេលនេះមិនទាន់ស្គាល់រសជាតិបណ្ដេញពីការប្រកួតម្ដងឡើយ ក្នុងចំណោមការប្រកួតជាង ៧៥០លើក ដែលខ្លួនធ្លាប់បានលេងកន្លងមកឲ្យក្លឹប Barcelona និងជម្រើសជាតិអេស្ប៉ាញ។
៥.Karim Benzema៖ ដូច Iniesta ដែរ ខ្សែប្រយុទ្ធបារាំង Benzema មិនទាន់ស្គាល់ជាតិកាតក្រហមម្ដងឡើយ បើទោះជាលេងបានជាង ៦៥០ប្រកួតក្ដី។
ដោយឡែកមានកីឡាករ ២រូបទៀតគឺជា Ryan Giggs និងLionel Messi ក៏មិនដែលទទួលបានកាតក្រហមពេលលេងឲ្យក្លឹបផងដែរ ប៉ុន្តែធ្លាប់ទទួលបានកាតមួយនេះម្ដង ពេលលេងឲ្យក្រុមជម្រើសជាតិខ្លួន ពោលគឺ Messi ទទួលបានកាតក្រហមក្នុងការប្រកួតដំបូងរបស់ខ្លួនឲ្យអាហ្សង់ទីនក្នុងឆ្នាំ ២០០៥ ខណៈ Giggs ត្រូវបានបណ្ដេញចេញពីការប្រកួតរវាងវេល និងន័រវែស ក្នុងឆ្នាំ ២០០១ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបរូបនេះទទួលបានកាតលឿងចំនួន២លើកក្នុងការប្រកួតមួយនេះ៕
Post a Comment