តើសួន​ ចាន់ដារ៉ូ​ និយាយ​អ្វី​ខ្លះ​ពេល​បាន​ទៅ​ដល់​ថៃ​ប៉ុន្មាន​ថ្ងៃ​នេះ?

អតីត​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ និង​ជា​អ្នក​ចំណូល​ថ្មី​របស់​ក្លឹប​បាល់ទះ​ Khon Kaen VC​ សួន​ ចាន់ដារ៉ូ​ ថា​ ឥលូវ​នេះ​កំពុង​ហ្វឹកហាត់​ជា​មួយ​កីឡាករ​ថៃ​ដទៃ​ទៀត​ឲ្យ​សមគ្នា​សិន​មុន​ពេល​ប្រកួត​មែនទែន។​

កីឡាករ​ សួន​ ចាន់ដារ៉ូ​ បាន​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​ថា​ សម្រាប់​ការ​ចូលរួម​ក្នុង​ទ្រនំ​ថ្មី​នៅ​ទីនោះ​ មិន​មាន​អ្វី​ជា​ការ​លំបាក​នោះ​ទេ​ មិន​ថា​ការ​ហូបចុក​ ការ​ស្នាក់​នៅ​គឺ​ធម្មតា​ដូច​នៅ​ភ្នំពេញ​ដែរ​ ហើយ​ពេល​នេះ​កំពុង​ហ្វឹកហាត់​ជា​មួយ​កីឡាករ​ដទៃ​ក្នុង​ក្រុម​ជា​បណ្ដើរ​ៗ​ហើយ។​
អតីត​អ្នក​ប៉ះ​សេ​របស់​វិសាខា​រូប​នេះ​បន្ថែម​ថា​ ចំពោះ​ការ​ប្រើប្រាស់​ភាសា​ថៃ​រៀង​ពិបាក​បន្តិច​ ដោយ​សារ​ខ្លួន​ទើប​តែ​ចេះ​បន្តិចបន្តួច​ ប៉ុន្តែ​អាច​ស្ដាប់​បាន​នៅ​ពេល​គេ​និយាយ​ មិន​ថា​ពេល​ធម្មតា​ ឬ​ពេល​ហ្វឹកហាត់​នោះ​ទេ។​ 


ចំពោះ​ការ​ហ្វឹកហាត់​វិញ​នៅ​លេង​មិន​ទាន់​ត្រូវ​គ្នា​ឡើយ​ ព្រោះ​របៀប​លេង​ និង​កលល្បិច​របស់​ក្រុម​និមួយៗ​ខុស​គ្នា​ ដូច្នេះ​ត្រូវ​ការ​ពេលវេលា​ហ្វឹកហាត់​ជា​មួយ​គ្នា​បន្ថែម​ទៀត។​ រឿង​ថា​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​បាល់ទះ​ថៃ​រដូវ​ការ​នេះ​ កីឡាករ​កម្ពុជា​ម្នាក់​នេះ​ មិន​ទាន់​ហ៊ាន​ធានា​ទេ​ ព្រោះ​ទើប​នឹង​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា​ មិន​ទាន់​ដឹង​សមត្ថភាព​កីឡាករ​ក្នុង​ក្លឹប​នេះ​ខ្លាំង​ ឬ​ខ្សោយ​ ហើយ​ណា​មួយ​ក្លឹប​នៅ​ឯ​ប្រទេស​ថៃ​ខ្លាំងៗ​ច្រើន។សួន​ ចាន់ដារ៉ូ​ ជា​អតីត​កីឡាករ​ក្លឹប​បាល់ទះ​វិសាខា​ ហើយ​គេ​ចេញ​ពី​កម្ពុជា​តាំង​ពី​ថ្ងៃទី៤​ ខែ​វិច្ឆិកា​មក​ម្ល៉េះ​ដើម្បី​ទៅ​លេង​ឲ្យ​ក្លឹប​បាល់ទះ​របស់​ថៃ​ Khon Kaen VC​ មួយ​រដូវ​កាល​ដើម្បី​ប្រជែង​ពាន​រង្វាន់​ឆ្នាំ​២០១៧-២០១៨​នេះ។​ គិត​មក​ដល់​ពេល​នេះ​មាន​កីឡាករ​កម្ពុជា​៣រូប​ហើយ​បាន​លេង​នៅ​លីគ​កំពូល​បាល់ទះ​ថៃ​ គឺ​កីឡាករ​ មី​ រស្មី​(NK Fitness)​ នៅ​ សាម៉េត​ និង​ សួន​ ចាន់ដារ៉ូ ​(Khon Kaen VC)៕​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop