បន្ទាប់ពីបានចុះត្រួតពិនិត្យមុខទំនិញជាច្រើនមុខ ដែលដាក់លក់នៅតាមទីផ្សារក្នុងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ មន្រ្តីជំនាញកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានអះអាងថា មានប្រភេទបន្លែ និងចំណីអាហារមួយចំនួនបានរកឃើញមានផ្ទុកសារធាតុថ្នាំសំលាប់សត្វល្អិត និងសារធាតុហ្វ័រម៉ាលីន(Formalin) ដែលអាចបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
(មន្ត្រីជំនាញចុះត្រួតពិនិត្យបន្លែ-សាច់នៅតាមទីផ្សារក្នុងរាជធានីភ្នំពេញ)
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានថ្លែងឲ្យដឹងថា ប្រភេទបន្លែដែលរកឃើញសារធាតុគីមីពុលលើសកម្រិត ឬសារធាតុថ្នាំសំលាប់សត្វល្អិតញឹកញាប់ជាងគេគឺបន្លែស្ពៃក្តោប ផ្កាគូឆាយ ស្លឹកគូឆាយ ជីរណា ស្ពៃបូកគោ ស្ពៃក្រញាញ់ ខ្ទឹមស និងខ្ទឹមក្រហម ដែលថាភាគច្រើននាំចូលពីប្រទេសជិតខាង។
ចំពោះពពួកត្រីសាច់ ភាគច្រើនលោកថារកឃើញញឹកញាប់ជាងគេលើប្រភេទអាហារសមុទ្រ ដែលមានផ្ទុកសារធាតុហ្វ័រម៉ាលីន។ លោកឲ្យដឹងថាសារធាតុ ហ្វ័រម៉ាលីន គឺជាសារធាតុមួយត្រូវបានហាមមិនឱ្យប្រើនៅក្នុងចំណីអាហារ ហើយផលប៉ះពាល់របស់វា អាចបង្កឱ្យមានជំងឺមហារី គ្រោះថ្នាក់ដល់ក្រលៀន ប្រតិកម្មចំណីអាហារ សន្លប់បាត់ស្មារតី ឬអាចរហូតដល់ស្លាប់ក៏មាន។
(បន្លែដែលដាក់តាំងលក់នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ)
លោកបន្ថែមថា បន្ទាប់ពីបានរកឃើញថាមានសារធាតុគីមីពុលមន្រ្តីជំនាញបានធ្វើការរឹបអូសភ្លាមៗ និងធ្វើការអប់រំចុះកិច្ចសន្យាឈប់ឲ្យលក់ទំនិញប្រភេទនេះព្រមទាំងទាក់ទងទៅប្រភពនៃការនាំចូលប្រភេទទំនិញទាំងនោះផងដែរ។ លោកបញ្ជាក់ថាមន្រ្តីជំនាញនឹងនៅតែបន្តការចុះត្រួតនិពិត្យចំណីអាហារគ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ទំនិញខូចគុណភាព ការក្លែងបន្លំលើស្លាកសញ្ញា ដែលជនខិលខូច មួយចំនួនបានលួចបញ្ចេញទំនិញមកលក់លើទីផ្សារ។ លោក គង់ វុទ្ធី បានណែនាំដល់ អាជីវករទាំងអស់ មុននឹងទិញទំនិញផ្សេងៗ មកដាក់លក់ នឹងចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់នោះ ត្រូវពិនិត្យមើលគុណភាព នឹងស្លាកសញ្ញាឲ្យ បានត្រឹមត្រូវ ជាពិសេសត្រូវសួរពី អាសយដ្ឋាន ដែលនាំទំនិញមកលក់បន្ត ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ កើតចេញពីទំនិញទាំងនោះ៕
ប្រភព: Sabay
ចុចអានបន្ត:
Post a Comment