អ្នកស្រី ហាក់ វណ្ណាត ម្ចាស់ហាងខាងលើប្រាប់ថា ដំបូងឡើយអ្នកស្រីពិតជាបានផ្ដល់ឈុតដែលធ្លាប់បង្ហាញរួច ពោលគឺឈុត "នាគ" ដែលធ្លាប់ស្លៀកដោយអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីឆ្នាំ២០១៥ តែកាលណោះដោយសារតែអ្នកស្រីមិនបានដឹងលម្អិតថា ខាងអ្នកដឹកនាំកម្មវិធីចង់បានក្នុងគោលបំណងអ្វីឲ្យប្រាកដ។ អ្នកស្រីប្រាប់ថា៖ "ពេលនោះ អ្នកខាងអាមេរិកបានទាក់ទងមកថាសុំឲ្យមីងឧបត្ថម្ភ២ឈុត សម្រាប់បវរកញ្ញាស្លៀកប្រកួត ពេលនោះមីងក៏យល់ព្រមតាមគេទៅ"។ ក្រោយមក នៅថ្ងៃទី២ ខែវិច្ឆិកា ក្រុមការងារក៏មកដល់ហាង ដោយនាំបវរកញ្ញាមកជាមួយ និងនាំយកគំរូមកបង្ហាញអ្នកស្រីមើលតែម្ដង។
ពេលឃើញគំរូម៉ូដដែលក្រុមការងារចង់បានហើយ អ្នកស្រីថាបានបដិសេធមិនទទួលធ្វើ ព្រោះពេលវេលាវាប្រថុចញ៉ុចពេក មិនអាចធ្វើទាន់។ ជាទូទៅឈុតបែបនេះទាល់ប្រើពេលពី១ ខែទី២ខែទើបបាន។ ដោយនៅតែមានការទទូចពីក្រុមការងារខ្លាំងពេក ទើបអ្នកស្រីបង្ហាញឈុតដែលមានស្រាប់ទៅពួកគេ ហើយគេក៏យល់ព្រមទទួល ដោយយល់ថាឈុតនេះសមសួន មិនសិចស៊ី ស័ក្ដិសមនឹងបវរកញ្ញាខ្មែរ។
រូបភាព និងដំណឹងនេះត្រូវបានកូនស្រីម្ចាស់ហាងដាក់ចូលក្នុង Instagram Story របស់ហាង ហើយផ្ទុះការរិះគន់ពីអ្នកលេង Facebook តែម្ដង។ អ្នកស្រីបញ្ជាក់ ក្រោយផ្ទុះការរិះគន់នេះភ្លាម អ្នកស្រីបានសុំដកខ្លួនសម្រាប់ការឧបត្ថម្ភឈុតតំណាងជាតិ ហើយសុំរ៉ាប់ប់រងតែឈុតរាត្រីសមោសរប៉ុណ្ណោះ ព្រមទាំងបានណែនាំឲ្យក្រុមហ៊ុនទាក់ទងទៅក្រសួងវប្បធម៌ ឲ្យផ្ដល់ជំនួយខាងឈុតនេះ។ បន្ទាប់ពីនោះ អ្នកគ្រប់គ្រងខាងបវរកញ្ញានៅបន្តចរចារសុំជំនួយដោយរ៉ាប់រងរាល់បញ្ហាទាំងអស់ ទើបអ្នកស្រីព្រមបន្តជួយជាលើកទី២។ម្ចាស់ហាងដដែលបន្តថា អ្នកស្រីក៏ដឹងខ្លួនថាមានកំហុសខ្លះដែរ ព្រោះធ្វើខុសគោលការណ៍ក្រុមហ៊ុនដែលយកឈុតដដែលទៅបង្ហាញ។ ក្រោយមក នៅថ្ងៃទី៤វិច្ឆិកានេះ អ្នកស្រី និងបុគ្គលិកបានទម្លាក់ការងារទាំងអស់ចោល ហើយរួមគ្នាច្នៃឈុតថ្មីសន្លាង១ដល់បវរកញ្ញា។ ប្រើរយៈពេល៤ថ្ងៃប្រឹងកាត់ដេរ ប៉ាក់ ឌិន ទាំងយប់ទាំងថ្ងៃ ឈុតនោះរួចរាល់ជាស្ថាពរត្រឹមយប់ថ្ងៃទី៧ វិច្ឆិកា។ ឈុតនេះមានឈ្មោះថា "អប្សរចតុមុខ" ច្នៃឡើងដោយអ្នកនាង ហោ សុគន្ធា ដោយប្រើហូលជាវត្ថុធាតុដើមសំខាន់។ ឈ្មោះ "អប្សរចតុមុខ" ត្រូវបានដាក់ដោយយោងតាមវត្ថុធាតុដើមហូល ដែលខ្មែរមានការផុលផុសប្រើប្រាស់ច្រើនក្នុងសម័យចតុមុខ និងមានសោភ័ណភាពស្អាតដូចទេពអប្សរពេលបានគ្រងដោយបវរកញ្ញា។
គំរូឈុត "អប្សរចតុមុខ"
ងាកមកកាន់ ឈុតនាគវិញ ថៅកែហាងបានឲ្យដឹងថា វាត្រូវបានបង្កើតឡើងជាឈុតពិសេសសម្រាប់ក្រុមហ៊ុនអ្នកស្រី ក្នុងឱកាសខួបគម្រប់១០ឆ្នាំរបស់ទស្សនាវដ្ដីខ្លួន ដោយយោងតាមអត្ថន័យ នាគជាសត្វខ្លាំង និង មានឫទ្ធអំណាច។ ឈុត "នាគ" នេះមាន១គូ ដែលពណ៌ប្រាក់ស្លៀកដោយ អ៊ុន សិទ្ធា និងពណ៌មានគ្រងដោយ អ្នកនាង ចន ច័ន្ទលក្ខិណា។
ក្រៅពីឈុតជាតិ ម្ចាស់ហាង បញ្ជាក់ថា ក្រុមហ៊ុននៅមានឈុតរាត្រីសមោសរ៣ទៀត ដែលច្នៃឡើងពីកំណាត់សូត្រថ្លៃៗ មកពីបរទេស៕
Post a Comment