ល្បឿនរបស់កីឡាករបាល់ទាត់ ខុសពីល្បឿនរត់ប្រណាំង ខុសត្រង់ថា ល្បឿនរបស់កីឡាករសំដៅដល់ ល្បឿននៃការគ្រប់គ្រងបាល់ និង ការបញ្ជូន គឺមិនរត់ត្រង់ទៅមុខដូចអត្តពលិកទេ។ តួយ៉ាង កំណត់ត្រារបស់ស្តេចល្បឿន Usain Bolt ធ្វើបានគឺ ៤៤,៧២ គ.ម ក្នុង១ម៉ោង ខណៈកីឡាករបាល់ទាត់១០រូបខាងក្រោមនេះ មានម្នាក់រត់លឿនបំផុត ត្រឹមជិត៣៧ គ.ម ក្នុង១ម៉ោង ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត គឺថា ក្នុងចំណោមកីឡាករកំពូលល្បឿនទាំង១០របស់ពិភពលោក មាន៣នាក់ជាកីឡាករអង់គ្លេស។
១ Gareth Bale ល្បឿន ៣៦,៩ គីឡូម៉ែត្រ / ម៉ោង
នៅលើពិភពលោកនេះ មិនទាន់មានកីឡាករណារត់លឿនជាង កីឡាករវ័យ ២៨ឆ្នាំ របស់អធិរាជស Real Madrid ទេ។ កីឡាករកម្ពស់ ១,៨៥ ម៉ែត្រ ទម្ងន់៨២គីឡូក្រាម និងមានល្បឿនលឿនបំផុតអាចនិយាយថា នៅលើលោកនេះពិបាករកខ្សែការពារណាមកទប់ Gareth Bale ណាស់។
២ Orlando Berrio ៣៦ គីឡូម៉ែត្រ / ម៉ោង
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះមិនសូវល្បីទេ ប៉ុន្តែកីឡាកររូបនេះមានល្បឿនលឿនជាង កំពូលកីឡាករ Messi ដល់ទៅជាង៣គីឡូម៉ែត្រក្នុង១ម៉ោង។
៣ Jurgen Damm -៣៥,២ គីឡូម៉ែត្រ / ម៉ោង
ខ្សែបម្រើសញ្ជាតិម៉ិកស៊ិក Jurgen Damm វ័យ២៤ឆ្នាំ មានល្បឿនមិនធម្មតា តែរដូវកាលកន្លងទៅ លោកមិនសូវរកគ្រាប់បាល់បាន ឬ បញ្ជូនបាល់មិនសូវបានល្អឲ្យមិត្តរួមក្រុមទេ។
៤ Antonio Valencia ល្បឿន ៣៥,១ គីឡូម៉ែត្រ / ម៉ោង
តំណែងរបស់ Antonio Valencia នៅក្រុមបិសាចក្រហម លេងជាខ្សែការពារស្លាបផង និង ខ្សែបម្រើស្លាបផង ដោយសារការអំណោយផលទាំងល្បឿន និង កំលាំង របស់កីឡាករសញ្ជាតិអេក្វាឌ័រ។
៥ Pierre-Emerick Aubameyang ល្បឿន ៣៤,៦ គីឡូម៉ែត្រ / ម៉ោង
ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង (ប្រទេសនៅតំបន់អាហ្វ្រិកកណ្តាល) របស់ក្លឹប Borussia Dortmund មានល្បឿនលឿនជាងកំពូលកីឡាករ Messi និង Ronaldo ទៅទៀត។
៦ Aaron Lennon ល្បឿន ៣៣,៨ គីឡូម៉ែត្រ / ម៉ោង
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេប្រៀបទៅនឹងម៉ាស៊ីនជក់ខ្យល់ បានន័យថាកាន់តែរត់កាន់តែលឿន។
៧ Cristiano Ronaldo ល្បឿន ៣៣,៦ គីឡូម៉ែត្រ / ម៉ោង
ម្ចាស់ពាន FIFA's Best Player វ័យ៣២ឆ្នាំ មិនចូលចិត្តពាក់ស្បែកជើងបាល់ទាត់កវែងពណ៌ខ្មៅទេ ព្រោះលោកយល់ថាពណ៌ខ្មៅមើលទៅយឺត ហើយលោកចង់មានអារម្មណ៍ថារត់លឿន។
៨ Theo Walcott ល្បឿន ៣២,៧ គីឡូម៉ែត្រ / ម៉ោង
Walcott កីឡាករសញ្ជាតិអង់គ្លេស បានចូលលេងក្នុងនាមជាខ្សែបម្រើស្លាបដំបូងឲ្យ Arsenal ក្នុងវ័យ ១៦ ឆ្នាំ កាលពីឆ្នាំ ២០០៦ ហើយបច្ច័យល្អដែលធ្វើឲ្យកីឡាកររូបនេះលេចធ្លោគឺ ល្បឿន។
៩ Lionel Messi ល្បឿន ៣២,៥ គីឡូម៉ែត្រ / ម៉ោង
ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល គឺជាកីឡាករកំពូលល្បឿនលំដាប់ទី៣នៅអេស្ប៉ាញ និង លេខ៩នៅលើពិភពលោក។
១០ Wayne Rooney ល្បឿន ៣១,២ គីឡូម៉ែត្រ / ម៉ោង
អតីតកីឡាករ Man Utd ធ្លាប់ជាកីឡាករដែលជារឿយៗតែងរកគ្រាប់បាល់ឲ្យក្លឹប និង ធ្លាប់ជាកីឡាករល្បឿនលឿនម្នាក់ បើទោះជាបច្ចុប្បន្នទាំងល្បឿន និង ការស៊ុតបញ្ចូលទីរបស់លោកធ្លាក់ចុះក្តី។
Post a Comment