“ខ្ញុំ​មិន​ដែល​បោះបង់ ហើយ​២​ប្រកួត​នៅ​សល់​នឹង​ប្រឹង​ឱ្យ​ឈ្នះ” គ្រូ U19 ​កម្ពុជា

ក្រុម​ម្ចាស់​ផ្ទះ U19 កម្ពុជា នឹង​ស្វាគមន៍​ក្រុម U19 មីយ៉ាន់ម៉ា ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ពូល G ពាន​រង្វាន់ AFC U19 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ ​ហើយ​ពួកគេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បី​បន្ដ​ក្ដី​សង្ឃឹម​ឡើង​វគ្គ​បន្ដ។


បរាជ័យ ១-០ ​ជាមួយ​ក្រុម​ U19 ​ចិន ​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ក្ដី​សង្ឃឹម​ខ្លះ ​ក្នុង​ការ​ប្រជែង​ដណ្ដើម​កៅអី​ឡើង​វគ្គ​បន្ដ ត្បិត​អី​ពួកគេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​២​ប្រកួត​នៅ​សល់​ខាង​មុខ​នេះ។ ​លោក Inoue Kazunori ​គ្រូ​បង្វឹក​ខាង​កម្ពុជា ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា​លោក​ពិត​ជា​សោកស្ដាយ​ក្នុង​ឱកាស​ដែល​យក​បាន​១​ពិន្ទុ​ពី​ក្រុម​ចិន។
បន្ថែម​ពី​លើ​ភាព​សោកស្ដាយ​នេះ​ដែរ គ្រូ​ជប៉ុន​ក៏​ប្ដេជ្ញា​យក​ឈ្នះ​ក្នុង​២​ប្រកួត​នៅ​សល់​ខាង​មុខ​នេះ​ដែរ ព្រោះ​លោក​មិន​ដែល​បោះបង់​ឱកាស​ម្ដង​ណា​នោះ​ទេ បើ​ទោះ​ជា​តិច​ក្ដី​ឬ​ច្រើន​ក្ដី។ ការ​ប្រកួត​បាល់ទាត់​មួយ ​ដែល​តម្រូវ​ឱ្យ​កីឡាករ​ទាំង​អស់​ប្រឹងប្រែង​គ្រប់​វិនាទី ​និង​មិន​អាច​ប្រហែស​បាន​ឡើយ បើ​មិន​ដូច្នេះ​ទេ ​នឹង​ភ្លាត់​ឱ្យ​គេ​ស៊ុត​ចូល​ចុង​ម៉ោង​ដូច​លើក​មុន​ៗ​ជាក់​ជា​មិន​ខាន។
ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship ​វគ្គ​ជម្រុះ​នេះ​បាន​បែងចែក​ជា​១០​ពូល ​ក្នុង​នោះ​ក្រុម​លេខ​១​ក្នុង​ពូល​នឹង​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ខណៈ​ដែល​ក្រុម​លេខ​២​ល្អ​បំផុត​ទាំង​៥​ក្នុង​ចំណោម​១០​ពូល​នេះ ក៏​បាន​ឡើង​ទៅ​ផង​ដែរ។ សរុប​ទាំង​អស់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មាន​១៦​ក្រុម ដោយ​ថែម​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​១​ទៀត៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop