ខ្សែការពារក្លឹប Real Madrid បានថ្លែងទៅកាន់សារព័ត៌មាន Marca ថា៖ "វាពិតជាស្មុគស្មាញណាស់ រឿងហ្នឹង។ ខ្ញុំពិបាកនឹងជឿណាស់ថានៅប្រជាជនភាគច្រើននៅតំបន់ Catalan ចង់បានឯករាជ្យ។ ទោះជាកំពុងមានភាពតានតឹងបែបនេះក្ដី ខ្ញុំចង់ឃើញ Barcelona បន្តលេងនៅក្នុងលីគរបស់យើង (La Liga)"។
Ramos បន្តទៀតថា៖ "អ្វីដែលខ្ញុំនិយាយ ឬធ្វើនៅពេលនេះ ច្បាស់ណាស់វាមិនអាចកែប្រែនូវស្ថានភាពតំបន់ Catalan បច្ចុប្បន្នឲ្យល្អឡើងវិញនោះទេ។ ក្នុងនាមជាជនជាតិអេស្ប៉ាញមួយរូប ខ្ញុំឈឺចាប់ណាស់ដែលប្រទេសខ្ញុំកំពុងជួបប្រទះបញ្ហាបែបនេះ។ ខ្ញុំមិនចង់ឲ្យរឿងដូច្នេះកើតឡើងទេ ព្រោះខ្ញុំយល់ថា មានតែការរួបរួមគ្នាជាធ្លុងមួយទេ ទើបយើងខ្លាំង"។
កាលពីដើមខែតុលាកន្លងមក រដ្ឋាភិបាលតំបន់ Catalan បានរៀបចំឲ្យមានការបោះឆ្នោតប្រជាមតិនៅតំបន់មួយនេះ ដើម្បីទាមទារឯករាជ្យពីអេស្ប៉ាញ បើទោះជារដ្ឋាភិបាលកណ្ដាលអេស្ប៉ាញមិនអនុញ្ញាតយ៉ាងណាក៏ដោយ។ ការបោះឆ្នោតដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលកណ្ដាលនេះ បង្កឲ្យមានអំពើហិង្សា ដោយរដ្ឋាភិបាលអេស្ប៉ាញបានបញ្ជូនកងកម្លាំងដើម្បីរារាំងបង្អាក់ដំណើរការបោះឆ្នោតប្រជាមតិមួយនេះ។
បន្ថែមពីលើនេះ កាលពីថ្ងៃទី ២៧តុលា កន្លងទៅនេះ រដ្ឋាភិបាលតំបន់ Catalan បានប្រកាសឯករាជ្យជាឯកតោភាគី ពីអេស្ប៉ាញ ធ្វើឲ្យរដ្ឋាភិបាលអេស្ប៉ាញបន្តិចក្រោយមក បានបណ្ដេញរដ្ឋាភិបាល Catalan ចេញពីតួនាទី និងបានដកហូតសិទ្ធិពិសេសរបស់តំបន់មួយនេះជាបណ្ដោះអាសន្ន ដើម្បីរៀបចំធ្វើឲ្យស្ថានភាពតំបន់នេះមានស្ថិរភាព និងរបៀបរៀបរយឡើងវិញ៕
Post a Comment