សារនៅលើទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា មានខ្លឹមសារអំពាវនាវឲ្យព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ឡាយព្រះហត្តលេខាលើសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤ ឬបើកផ្លូវឲ្យមានអ្នកចុះហត្ថលេខាជំនួស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ ប្រសិនបើមិនដូច្នោះទេ ទំព័រហ្វេសប៊ុកនេះ ទាមទារឲ្យព្រះមហាក្សត្រខ្មែរ ចុះចេញពីរាជបល្ល័ង្គ ហើយមកនៅក្រោមឱវាទរបស់លោក ហ៊ុន សែន ដើម្បីឲ្យប្រទេសមានសន្តិភាពនិងការអភិវឌ្ឍ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា។
សំណេរដែលមានខ្លឹមសារប្រមាថលើព្រះមហាក្សត្រខ្មែរយ៉ាងដូច្នេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលជាជនជាតិខ្មែរ ក្ដៅស្លឹកត្រចៀក។ អ្នកខ្លះបញ្ចេញមតិរិះគន់ ជេរប្រមាថ ត្រឡប់ទៅវិញ។ ចំណែកមួយចំនួនទៀតអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការលើទំព័រហ្វេសប៊ុកនេះ។
ឆ្លើយតបនឹងការអំពាវនាវនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា នេះមិនមែនជាលើកទី១ទេ ដែលទំព័រហ្វេសប៊ុកសមាគមវៀតណាមនៅកម្ពុជា សរសេរសារប្រមាថព្រះចេស្ដាព្រះមហាក្សត្រខ្មែរយ៉ាងដូច្នេះ។ ប៉ុន្តែបើតាមការស្រាវជ្រាវកន្លងមករបស់ក្រសួងមហាផ្ទៃ សមាគមនេះ គ្មានបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃទេ។ ហើយម្ចាស់ទំព័រនេះ ក៏មិនរស់នៅស្រុកខ្មែរដែរ។ ដូច្នេះវាហួសពីសមត្ថកិច្ចរបស់ក្រសួង ក្នុងការចាត់វិធានការ។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អះអាងថា ក្រសួងមានការប្ដេជ្ញាចិត្តខ្ពស់ណាស់ក្នុងការចាត់ការចំពោះរាល់ការជេរប្រមាថព្រះមហាក្សត្រខ្មែរ។
សូមរំឭកជូនថា ទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយជារឿយៗតែងតែបង្ហោះសារដែលមានខ្លឹមសារជេរប្រមាថព្រះមហាក្សត្រខ្មែរ និងលើកតម្កើកគណបក្សប្រជាជនកម្ពុជា។ កាលពីខែមីនាដើមឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកនេះក៏បានសរសេរសារប្រមាថព្រះរាជាខ្មែរដែរ។ កាលណោះ សមាគមសហព័ន្ធខ្មែរវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោល ការប្រើប្រាស់ឈ្មោះ សមាគមវៀតណាមនៅកម្ពុជា វាយប្រហារប្រមាថ ទៅលើព្រះមហាក្សត្រកម្ពុជា ។ គណៈកម្មាធិការកណ្តាលសមាគម ក៏បានអំពាវនាវ ឲ្យមានវិធានការផ្លូវច្បាប់ ចំពោះជនក្លែងបន្លំហ្វេសប៊ុកសមាគមរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមាគម និងជាការញុះញង់មួយមិនអាចទទួលយកបាន៕
Post a Comment