អារ៉ាប៊ីសាអ៊ូឌីត ប្រកាសគម្រោងសង់ទីក្រុងដ៏ធំសម្បើម​ជាមួយទឹកប្រាក់ ៥០០ពាន់​លានដុល្លារ

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​បាន​បញ្ចេញ​គម្រោង​សង់​ទីក្រុង​ដ៏​ធំ​ថ្មី​មួយ​ឲ្យ​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម ដែល​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ចាយ​ទុន​វិនិយោគ​​ ៥០០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។​

​រាជ​ទាយាទ​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman បាន​បញ្ជាក់​ថា​ តំបន់ NEOM ​មាន​ផ្ទៃ​ក្រឡា ២៦ ៥០០​​គីឡូម៉ែត្រ​ការ៉េ នឹង​ត្រូវ​អភិវឌ្ឍ​​នៅ​ភាគ​ពាយ័ព្យ​ដែល​លាត​សន្ធឹង​ទៅ​ដល់​ប្រទេស​អេហ្ស៊ីប និង​ហ្សកដានី។
ទីក្រុង​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​​ចំនួន ៩​ រួម​ទាំង​បច្ចេកវិទ្យា​ចំណីអាហារ ថាមពល និង​​ទឹក​ស្អាត។ ​អង្គ​ម្ចាស់​បាន​​លើក​យក​គម្រោង​នេះ ដើម្បី​នាំ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កុំ​ឲ្យ​ពឹងផ្អែក​តែ​លើ​ចំណូល​ប្រេង​តែ​មួយ​មុខ​គត់។
ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត (កណ្ដាល), អង្គម្ចាស់ Mohammed bin Salman (ស្ដាំ)
កាល​ពី​ខែ​សីហា ​រាជាណាចក្រ​នៅ​ឈូង​សមុទ្រ​នេះ បាន​ដាក់​ចេញ​គម្រោង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដើម្បី​​ផ្លាស់​ប្ដូរ​កោះ​ចំនួន ៥០ និង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​សមុទ្រ​ក្រហម​ ទៅ​ជា​រមណីយដ្ឋាន​ប្រណីត​ផង​ដែរ​។

ប្រសិន​បើ​គម្រោង​នេះ​ពិត​ជា​ដំណើរ​ការ វា​នឹង​ក្លាយ​ជា​គម្រោង​ចាយ​លុយ​ច្រើន​បំផុត​ក្នុង​លោក។ ការ​ប្រកាស​ធ្វើ​ឡើង​នៅ​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​រាជធានី Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ថ្ងៃ​ម្សិលមិញ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop