កន្លងមក News Feed របស់ Facebook តែងបង្ហាញនូវរូបភាពពីមិត្តភ័ក្ដិ, ការអាប់ដេត Status ផ្សេងៗ, ផ្ទាំងពាណិជ្ជកម្ម និងបង្ហាញ Post របស់ Page ដែលអ្នកប្រើប្រាស់បានចុច Like ជាដើម។ ដោយឡែកចំពោះការសាកល្បងនេះនឹងផ្ដល់ News Feed ចំនួនពីរដល់អ្នកប្រើប្រាស់ ដោយទីមួយ (News Feed ធម្មតា) ផ្ដោតលើមិត្តភ័ក្ដិ និងក្រុមគ្រួសារ និងទីពីរ (Explore Feed) ជាកន្លែងសម្រាប់បង្ហាញ Page ដែលអ្នកបានចុច Like។
ការផ្លាស់ប្ដូរនេះអាចបង្ខំឲ្យម្ចាស់ Page ទាំងឡាយមិនថាជាអ្នកធ្វើជំនួញ, តារា ឬ អ្នកសារព័ត៌មាន ត្រូវចាយលុយលើការផ្សាយពាណិជ្ជកម្មប្រសិនបើចង់ឲ្យ Post របស់ខ្លួនបង្ហាញនៅលើ News Feed ដែលផ្ដោតលើមិត្តភ័ក្ដិ និងក្រុមគ្រួសារ។
ការសាកល្បងនេះដែរកំពុងតែធ្វើឡើងក្នុងប្រទេសតូចៗចំនួន ៦ រួមមាន កម្ពុជា, បូលីវី, ហ្គាតេម៉ាឡា, ស្លូវ៉ាគី, ស្រីលង្កា និង ប្រទេសស៊េប៊ី ដោយទំនងជាមានរយៈពេលរាប់ខែ។ នេះបើតាមការលើកឡើងរបស់ Adam Mosseri នាយកជាន់ខ្ពស់របស់ Facebook ទទួលខុសត្រូវលើផ្នែក News Feed។
Adam បន្ថែមថាក្រុមហ៊ុនមិនមានគម្រោងនឹងធ្វើការសាកល្បងជាសកលលោក នូវការបំបែក News Feed នេះសម្រាប់អ្នកប្រើប្រាស់ទាំង ២ ពាន់លាននាក់របស់ខ្លួននោះទេ។
ប្រទេសកម្ពុជាចាប់ផ្ដើមរងឥទ្ធិពលពីការសាកល្បងនេះតាំងពីសប្ដាហ៍កន្លងទៅ ដែលបណ្ដាលឲ្យចំនួនចុច Like, Share និងចំនួនចុចចូលទៅកាន់វិបសាយព័ត៌មានមួយចំនួនមានការធ្លាក់ចុះយ៉ាងគំហុក៕
Post a Comment