លោក ប៊ុត ចាន់ណា: អ្នក​រាំ​របាំ​បុរាណ​សម្ដែង​ក្រៅ​ប្រទេស​១ថ្ងៃ​បាន​២០​ដុល្លារ..!

លោក ប៊ុត ចាន់ណា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​ឲ្យដឹង​ថា ការ​ចេញ​ទៅ​សម្ដែង​របាំ​នៅ​ក្រៅ​ប្រទេស​ម្ដងៗ សិល្បករ​ដែល​មាន​ក្របខ័ណ្ឌ គឺ​ទទួល​បាន​ប្រាក់ (ប្រាក់​ជាប់​ហោប៉ៅ) ដោយ​គិត​ទៅ​តាម​ចំនួន​ថ្ងៃ​ដែល​ចេញ​ទៅ​។ ចំនួន​ទឹកប្រាក់​ដែល​សិល្បករ​ទទួល​បាន​ពី​រដ្ឋ គឺ​គិត​ទៅ​តាម​តួនាទី និង​តំណែង​របស់​មន្ត្រី​។
លោក ប៊ុត ចាន់ណា
ទឹក​ប្រាក់​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​ដល់​សិល្បករ​ផ្នែក​របាំ នៅ​ពេល​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​គឺ ២០ ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ។ ចំណែក ប្រធាន​នាយកដ្ឋាន​ទទួល​បាន ៣០ដុល្លារ អនុ​ប្រធាន​នាយកដ្ឋាន​ទទួល​បាន ២៥ដុល្លារ និង​ប្រធាន​ការិយាល័យ ទទួល​បាន ២៥ដុល្លារ ក្នុង​មួយ​ថ្ងៃ។

លោក​បាន​បន្ថែម​ថា រាល់​ការ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​សិល្បករ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ប្រទេស​ដែល​បាន​អញ្ជើញ​នោះ​ឡើយ ដោយ​ប្រទេស​ខ្លះ​គ្រាន់​តែ​ជូន​ជា​សំបុត្រ​យន្តហោះ​កន្លែង​ស្នាក់​នៅ និង​អាហារ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ ភាគ​ច្រើន​ពេល​សិល្បករ​ចេញ​សម្ដែង​ក្រៅ​ប្រទេស រដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ។ «យើង​ជូន​ប្រាក់​គាត់​នេះ គិត​ទៅ​តាម​ថ្ងៃ​ដែល​ធ្វើ​ការ​ទេ ព្រោះ​គាត់​ជា​បុគ្គលិក​រដ្ឋ​ ដូច្នេះ​រដ្ឋ​ជា​អ្នក​ចំណាយ ទោះ​ទៅ​ប្រទេស​ជិត​ ឬ​ឆ្ងាយ​ក៏​ទទួល​បាន​ប៉ុណ្ណឹង​ដែរ បើ​គាត់​ចេញ​ទៅ​១០​ថ្ងៃ យើង​យក​ប្រាក់​ដែល​គាត់​បាន​ក្នុង​១ថ្ងៃ​គុណ​នឹង​១០​ទៅ​ឃើញ​ហើយ»។ នេះ​ជា​សម្ដី​របស់​លោក​ ប៊ុត ចាន់ណា។​ បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ដដែល គិត​ពី​ការ​នាំ​យក​របាំ​បុរាណ និង​របាំ​ប្រពៃណី​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន បាន​សម្ដែង​ស្ទើរ​តែ​គ្រប់​ទ្វីប​លើ​សកល​លោក ហើយ​បើ​គិត​ជា​ប្រទេស បាន​រាប់​រយ​ប្រទេស​ហើយ៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop